គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ថៃផ្តល់ថវិកាជាង១លានដុល្លារ សម្រាប់កសាងមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ទទូចឲ្យឪពុកម្តាយ បញ្ជូនកូនញៀនថ្នាំទៅព្យាបាល និងបន្សាបគ្រឿងញៀន

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយអ្នកកាសែត នាយឧត្តមសេនីយ៍ មាស​វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ បានទទូចឲ្យមាតាបិតា អាណាព្យាបាលគ្រប់រូប មេត្តាបញ្ជូនកូនរបស់ខ្លួនដែលរងគ្រោះដោយសារគ្រឿងញៀន ទៅទទួលការព្យាបាលនៅតាម មជ្ឈមណ្ឌលព្យាបាល និងបន្សាបគ្រឿងញៀន មណ្ឌលសុខភាពចំនួន២៩១កន្លែងទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះ ក្នុងពិធីនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពិធីប្រគល់ និងទទួលជំនួយរបស់រដ្ឋាភិបាលថៃ តម្លៃជាង១លានដុល្លារ សម្រាប់គម្រោងកម្ពុជា-ថៃ ស្តីពីការពង្រឹង និងជំរុញញកិច្ចសហប្រតិបត្តិការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតីភាពលោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, នាយឧត្តមសេនីយ៍ ប្រាជីន ជុនទុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ និងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការក្រសួងមហាផ្ទៃ អគារ S។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា​ សម្រាប់ការព្យាបាល និងបន្សាបជនរងគ្រោះដោយសារគ្រឿងញៀន គឺមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ហើយបញ្ហាញៀនថ្នាំមានលទ្ធភាពក្នុងការព្យាបាល ដោយមិនមានការលាប់ឡើងវិញ ប្រសិនបើទៅទទួលយកសេវាការព្យាបាលឲ្យបានត្រឹមត្រូវ។ ការព្យាបាលនេះមិនតម្រូវឲ្យបង់ប្រាក់នោះទេ នៅតាមមជ្ឈមណ្ឌលព្យាបាល និងបន្សាបរបស់រដ្ឋ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្តល់ជំនួយ៣៨លានបាត ស្មើនឹង១,១៥0,000ដុល្លារ ដល់កម្ពុជា សម្រាប់សាងសង់មជ្ឈមណ្ឌល ព្យាបាលអ្នកញៀនគ្រឿងញៀន។ ទាំងនេះជាផ្នែកមួយផ្តល់សារប្រយោជន៍យ៉ាងខ្លាំង ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ ក្នុងជំរុញការបន្សាបជនញៀនគ្រឿងឲ្យមាន​ប្រសិទ្ធភាពបន្ថែមទៀត។ ដោយបច្ចុប្បន្ននេះ ជនញៀនគ្រឿងប្រមាណពាក់កណ្តាលបានទទួលសេវាព្យាបាលនៅតាមមជ្ឈមណ្ឌលនានាទូទាំងប្រទេស»។ ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ ប្រាក់ជីន​ ចន្ទ័តង​ បានអបអរសាទរលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​លើកទី១​ លើកទី២​ ដែលទទួលបានលទ្ធផលល្អ​ ជាពិសេសការងារលើកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ទាំងលើការអនុវត្តច្បាប់​ ការងារព្យាបាល​និងស្តារនីតិសម្បទា​ និងឆន្ទះរួមគ្នាយ៉ាងពិតប្រាកដរួមគ្នា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​។ លោកបានថ្លែងបញ្ជាក់ថា ថៃសប្បាយរីករាយក្នុងការចូលរួមចំណែក ក្នុងការកសាងមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទា និងភាគីថៃត្រៀមខ្លួនជាស្រេចនឹងធ្វើការអភិវឌ្ឍសមត្ថភាពបុគ្គលិក​ ផ្នែកព្យាបាល​ និងស្តារនីតិសម្បទា​សម្តៅលើកកម្ពស់ប្រសិទ្ធិភាព​ គុណភាពបន្ថែមទៀត។

ជាមួយគ្នានេះលោក កៅ​ ខុនដារ៉ា​ ប្រធាន​ស្តីទី​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បាន​ថ្លែងអំណគុណយ៉ាងជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លា ដែលបានផ្តល់ឲ្យដល់កម្ពុជា ចំពេលវេលា និងចំគោលដៅក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយើងខ្ញុំបាន និងកំពុងត្រូវការជាចាំបាច់ក្នុងពេលនេះ និងសូមសន្យាថា​ កម្ពុជានឹងចាត់ចែងប្រើប្រាស់ជំនួយនេះទៅតាមគម្រោង និងផែនការ នៃការសាងសង់ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះ ប្រយោជន៍ជាតិ និងផលប្រយោជន៍នៃការអនុវត្តស្មារតី នៃកិច្ចសហប្រតិបត្តិរវាងប្រទេសយើងទាំងពីរ និយាយជារួម និយាយដោយឡែករវាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសយើង គឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿងញៀនថៃ ស្របរតាមស្មារតីខ្លឹមសារ នៃឯកសារគំរោងរបស់យើង៕

Visitor Counter

809900
Today
Yesterday
This Week
Last Week
This Month
Last Month
279
952
2698
803800
10589
18714