គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីបូកសរុបយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១​ លើកទិសដៅការងារលើកទី២​​

រាជធានីភ្នំពេញ​ ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០១៧​ ពិធីបូកសរុបយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១​ លើកទិសដៅការងារលើកទី២​ ប្រារព្ធធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ប្រធានដឹកនាំយុទ្ធនាការ​ និងឯកឧត្តម​ នាយឧត្តមឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អនុប្រធានយុទ្ធនាការ​ ក្នុងនាមប្រធានគណៈកម្មាធិការអនុវត្តផែនការយុទ្ធនាការ ដោយមានសមាសភាពចូលរួមថ្នាក់ជាតិមានឯកឧត្តមទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ សមាជិគណ:កម្មការចម្រះុប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងថ្នាក់ក្រោមជាតិអភិបាលរាជធានីខេត្ត​ អភិបាលរងរាជធានីខេត្ត​ ស្នងការនគរបាល បញ្ជាការអាវុធហត្ថ​ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន​ ប្រធានច្រក​ សរុប៣៥០នាក់។

ក្នុងឱកាសនោះ​ សម្តេចក្រឡាហោមស​ ខេង បានថ្លែងស្វាគមន៍អរគុណនិងកោតសរសើរដោយស្មោះចំពោះ ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទៅតាមភារកិច្ចរៀងៗខ្លួន រហូតទទួលបានលទ្ធផលគួរជាទីកត់សំគាល់ ពិសេសបានធ្វើឱ្យមានការថយចុះមិនត្រឹមតែបទល្មើសគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការថយចុះនូវបទល្មើស និងគ្រោះថ្នាក់ផ្សេងៗទៀតនៅតាមសហគមន៍ ដោយរួមទាំងបទល្មើស និងគ្រោះថ្នាក់ចរាចរផងដែរ ។ ជាមួយគ្នានេះ ខ្ញុំក៏មិនភ្លេចថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា ក៏ដូចជាដៃគូជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន ពិធីករ ពិធីការនី សិល្បករ សិល្បការនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការអនុវត្តផែនការយុទ្ធនាការ ទាំងក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ។

សម្តេចបន្ថែមថា​ បញ្ហានៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅលើសកលលោក នៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាប្រទេសជិតខាង នៅតែបន្តកើតមាន ហើយបាននិងកំពុងជះឥទ្ធិពលមកលើប្រទេសយើងយ៉ាងណាក៏ដោយ ក៏តាមរយៈយុទ្ធនាការរបស់យើងក្នុងពេលកន្លងមកនេះ បានធ្វើឱ្យក្រុមឧក្រិដ្ឋជនទាំងក្នុង និងក្រៅប្រទេស មានការខ្លាចរអារ និងបន្ថយសកម្មភាពរបស់ខ្លួនគួរឱ្យកត់សំគាល់។ ការខ្លាចរអារ និងការបន្ថយសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ គឺដោយសារសមត្ថកិច្ចរបស់យើង ស្រាវជ្រាវ និងប្រមូលបាននូវព័ត៌មានជាច្រើន រហូតរកឃើញមុខសញ្ញាសំខាន់ៗ ហើយបានបង្រ្កាបចំគោលដៅ និងទាន់ពេលវេលា។ ជាមួយគ្នានោះ ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូជាដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន ពិធីករ ពិធីការនី សិល្បករ សិល្បការនី អ្នកសារព័ត៌មាន ។ល។ បានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយអប់រំយ៉ាងសកម្មដល់ប្រជាពលរដ្ឋគ្រប់វ័យ-គ្រប់ទីកន្លែង និងបានជួយលើកទឹកចិត្ត ក៏ដូចជាជំរុញអ្នកញៀនគ្រឿងញៀន ឱ្យភ្ញាក់រលឹក និងទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទា បានជាច្រើននាក់ ។ ឆ្លង តាមសកម្មភាព និងលទ្ធផលទាំងនេះ ខ្ញុំអាចសន្មតបានថា យើងបាននិងកំពុងដើរលើផ្លូវត្រូវ ដោយបានទប់ស្កាត់ និងធ្វើឱ្យមានការថយចុះនូវការផ្គត់ផ្គង់គ្រឿងញៀន ក៏ដូចជាបានទប់ស្កាត់ និងធ្វើឱ្យមានការថយ ចុះនូវតម្រូវការ ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។ ប៉ុន្តែ ដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បានដឹងស្រាប់ហើយថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលកើតមានស្ទើគ្រប់ទីកន្លែងនៃពិភពលោក ហើយរហូតមកទល់ពេលនេះ ក្រៅពីមិនអាចលុបបំបាត់បាន មានប្រទេសជាច្រើនបានប្រឈមកាន់តែខ្លាំងឡើងៗទៅនឹងបញ្ហាគ្រឿងញៀន ។ ត្រង់ចំណុចនេះ ខ្ញុំចង់ទាញអារម្មណ៍ឯកឧត្តម លោកជំទាវ លោក លោកស្រី ថា អ្វីដែលយើងទទួលបាន ពិសេសលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ កន្លងមកនេះ គ្រាន់តែជាជំហានមួយប៉ុណ្ណោះ ក្នុងដំណើរឈានឆ្ពោះទៅសម្រេចគោលដៅរបស់យើង គឺទប់ស្កាត់ឱ្យបានទាំងស្រុង និងជាប្រចាំនូវរាល់ការប៉ុនប៉ងលួចលាក់ផលិត ចរាចរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីបង្កបរិយាកាសងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យមានភាពរុងរឿងនាពេលដ៏ឆាប់ខាងមុខ ។

ចំនួនអ្នកទស្សនា

640062
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
357
657
1594
633111
19100
21798