គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

សិក្ខាសាលា ស្តីពីការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

រាជធានីភ្នំពេញ​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៧​ សិក្ខាសាលា ស្តីពីការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន​ ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នតុលាការ​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ កងកំលាំងអនុវត្តច្បាប់​ និងស្ថាប័ន​ អង្គភាព​ ពាក់ព័ន្ធ​ ។ ក្នុងឱកាសនោះ​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ បានថ្លែងស្វាគមន៍​ អរគុណដោយកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងអាវុធ ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថាប័នតុលាការ ស្ថាប័នអយ្យការ និងស្ថាប័នអនុវត្តច្បាប់ផ្សេងទៀត ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរៀងៗខ្លួនធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើ ។ ឆ្លៀតឱកាសនោះឯកឧត្តមបានសំដែងនូវការគោរពនឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និងណែនាំជាបន្តបន្ទាប់ ពិសេសការដាក់ចេញនូវបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១និងលើកទី២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន និង ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន ធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែទទួលបានលទ្ធផលល្អ និងទទួលបានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់​

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តមកៅ​ ខុនដារ៉ា​ ក៏បានថ្លែងបញ្ជាក់ពីស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់ និងនៅលើពិភពលោក​ គឺមិនមានការថយចុះនោះទេបើទោះបីជាប្រទេសនីមួយៗបានខិតខំប្រឹងប្រែងចាត់វិធានការប្រឆាំងនឹងបញ្ហានេះយ៉ាងណាក្តី ក្នុងនោះប្រទេស កម្ពុជាយើងក៏ដូចបណ្តាប្រទេសមួយចំនួនទៀតដែរ ដោយសារនិន្នាការថ្មីៗនៃគ្រឿងញៀននេះ និងដោយសារកម្ពុជាយើងនៅមិនឆ្ងាយពីតំបន់ត្រីកោណមាស និងអឌ្ឈចន្ទមាស ដែលត្រូវបានចាត់ទុកថា ជាតំបន់ផលិតគ្រឿងញៀនយ៉ាងធំសម្រាប់ទីផ្សារតំបន់និងពិភពលោក ធ្វើឱ្យប្រទេសកម្ពុជាយើងបាននិងកំពុងទទួលរងនូវឥទ្ធិពលនៃនិន្នាការគ្រឿងញៀនឆ្លងកាត់ពីតំបន់ទាំងពីរនេះ តាមផ្លូវគោគ ផ្លូវទឹក និង ផ្លូវអាកាស ដោយបានបង្កឱ្យមានការរីករាលដាល នូវការចរាចរនិងការប្រើប្រាស់គ្រឿងញៀនពីទីក្រុងរហូតដល់ជនបទមួយចំនួនគួរឱ្យព្រួយបារម្ភ។ ការប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តនូវផែនការ សកម្មភាព យុទ្ធសាស្រ្តពហុវិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ការអនុវត្តនូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និង លើកទី២ ក្នុងឆ្នាំនេះធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅដើមឆ្នាំ ២០១៧នេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនដូចជា៖ • ការផ្សព្វផ្សាយអប់រំដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនបានចំនួនជាង ៣ លាន ៦ សែន នាក់ កើនឡើងជិត ៣០ % បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦។ • បង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ៤៣៣១ ករណី កើនឡើងជាង ២០០០ ករណីបើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦។ • ចាប់ជនសង្ស័យជាង ៩៦៩៤ នាក់ កើនឡើង ជាង៤ ពាន់ករណីបើប្រៀបធៀប នឹងឆមាសទី១ ឆ្នាំ២០១៦។ • ទ្រព្យសម្បត្តិរឹបអូស មានរយន្ត ៥៤ គ្រឿង ម៉ូតូ ៩៣៨ គ្រឿង និងប្រាក់ជិត ៣ ម៉ឺនដុល្លាអាមេរិក និងរឹបអូសគ្រឿងញៀនជាង ១១៩ គីឡូក្រាម។ • ផ្តល់សេវាព្យាបាលជូនអ្នកញៀនគ្រឿងញៀនបានចំនួនជាង ៦ ពាន់ នាក់ជាលទ្ធផលយុទ្ធនាការលើកទី២រយះពេល ៣០ ថ្ងៃនេះយើងបានបង្រ្កាប ៦៥៧ ករណី ឃាត់ខ្លួនជនល្មើសជនល្មើស១៣៧៣នាក់

ជាមួយគ្នានេះ​ ឯកឧត្ត​ម​ កៅ​ ខុនដារ៉ា​ បានលើកនូវសំណូមពរមួយចំនួនដាក់ជូនអង្គសិក្ខាសាលាទាំងមូលដូចខាងក្រោម៖ ១. មន្រ្តីអនុវត្តច្បាប់ត្រូវខិតខំស្រាវជ្រាវឱយដល់ឬសគល់ និងប្រមូលទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលបានចុះបង្រ្កាប ព្រមទាំងធ្វើបញ្ជីទ្រព្យសម្បត្តិឱ្យបានច្បាស់លាស់ និងរក្សាទ្រព្យទាំងនោះឱ្យបានគង់វង្ស។ ២. ស្នើសុំស្ថាប័នអយ្យការ សហការជាមួយគណៈកម្មការរឹបអូសទ្រព្យ និងសមត្ថកិច្ចអនុវត្តច្បាប់ ពន្លឿននីតិវិធីក្នុងការស៊ើបអង្កេតរកទ្រព្យសម្បត្តិរបស់ជនលើ្មសដែលពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀន កិច្ចសហការក្នុងការអនុវត្តសាលក្រម ឬ សាលដីការរបស់តុលាការ និងធ្វើបណ្តឹងឧ្ធរណ៍ចំពោះទោសទណ្ឌមួយចំនួនដែលយល់ថាស្រាលពេកមិនសមល្មមនឹង ទង្វើរបស់ ជនល្មើសដែលប្រព្រឹត្ត។ ៣. ស្នើសុំស្ថាប័នតុលាការ ធ្វើការពន្លឿននីតិវិធីនៃស៊ើបអង្កេត និង នីតិវិធីនៃការកាត់ក្តីគ្រឿងញៀន ជាពិសេស ករណីណាដែលពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិ ឱ្យបានឆាប់ ដើម្បីគណៈកម្មការលក់ទ្រព្យទាំងនោះទាន់ពេលវេលា ជៀសវាងទុកចោលខូច និងដើម្បីយកថវិកាមកបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លើកទឹកចិត្តសមត្ថកិច្ចអនុវត្តច្បាប់។ ជាមួយនេះ ស្នើសុំពិចារណាដាក់ទោសឱ្យបានធ្ងន់ធ្ងរសមនឹងទង្វើរបស់ជនល្មើស និង ស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ៤. ស្នើសុំគណៈកម្មការ តាមដានការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ធ្វើបញ្ជីសារពើភណ្ឌទ្រព្យដែលរឹបអូស និងជម្រុញដំណើរការនីតិវិធីដេញថ្លៃទ្រព្យទាំងនោះឱ្យបានឆាប់។

ចំនួនអ្នកទស្សនា

640061
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
356
657
1593
633111
19099
21798