គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលគ្រឿងញៀន តាមសហគមន៍ នៅក្រុងព្រះសីហនុ

កែវផុស​ ខេត្តព្រះសីហនុ​ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល​ដោយស្ម័គ្រចិត្ត​ និងផ្អែកសហគមន៍​ នៅភូមិឬទ្ធី​២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីឯកឧត្តម​រដ្ឋមន្រ្តី​វងសូត​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ ឯកឧត្តម​ លោកជំទាវ​ ជារដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អភិបាល​ អភិបាលរង​ កងកំលាំងទាំងបី​ មន្រ្តីរាជការ​ លោកគ្រូអ្នកគ្រូ​ សិស្សនុសិស្ស​ ព្រះសង្ឃ​ និងបងប្អូនកម្មករចំការដូងប្រេង​ និងប្រជាពលរដ្ឋសរុប​ ជាង៦៣០នាក់​ ។ ឯកឧត្តម​ យន្ត​ មីន​ ថ្លែងក្នុងនាម​ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដែលជាម្ចាស់ផ្ទះ​ ស្វាគមន៍​ ថ្លែងអំណរគុណ​ និងសារ:សំខាន់នៃមជ្ឈមណ្ឌលថាពិតជាអាចកាត់បន្ថយបាននៅទុក្ខលំបាកដល់គ្រួសារដែលមានកូនចៅធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ កៅ ខុនដារ៉ា​ បានថ្លែងក្នុងនាមប្រធានគណកម្មការកសាងមជ្ឈមណ្ឌលសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​គ្រឿង​ញៀន ​គ្រោងនឹង​សាងសង់ឡើងដោយទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូល​និធិ​ជាតិ​សម្រាប់​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ការចូលរួមវិទានដ៏ថ្លៃថ្លាពីសប្បុរសជននិងវិស័យ​ឯកជន​​​តាម​រយៈ​មូលនិធិសម្រាប់សង្គ្រោះនិងស្តារនីតិសម្បទាគ្រឿងញៀន ​​ការ​ឧបត្ថម្ភគាំទ្រ​ពី​រាជរដ្ឋាភិ​​​បាល​ ​​នៃ​សារធារណរដ្ឋសង្គម​និយម​វៀតណាម និង​រដ្ឋាភិបាលបណ្តាប្រទេស​ជាមិត្ត​ផ្សេង​ទៀត ។ មជ្ឈមណ្ឌលនេះ នឹងកសាងនៅលើទំហំដី ២០ ហិកតា ដែល​ជាដី​សម្បទានពី​រាជ​រដ្ឋា​ភិបាលកម្ពុជាតាមរយៈក្រុមហ៊ុនម៉ុង ឬទ្ធី ដែលគ្រោងសាងសង់​អាគារ​និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​នានា ដូចជា អាគាររដ្ឋបាលចំនួន ១, អាគារពេទ្យទូទៅ​ ១, អាគារ​អាហារ​ដ្ឋាន​សម្រាប់​បុគ្គលិក ១, អាគារស្នាក់នៅសម្រាប់បុគ្គលិក ៣ , កន្លែង​សម្រាប់​សួរ​សុខ​ទុក្ខ​គ្រួសារ​ជនរងគ្រោះ ៩ , អាគារអប់រំបែប​សាសនា​សម្រាប់បុរស ១ និងស្រ្តី ១ , អាគារលក់​គ្រឿង​បរិភោគ​​​និងសម្ភារៈប្រើប្រាស់ ១ , អាគារ​ស្នាក់នៅរបស់សិក្ខា​កាម​​​សម្រាប់​បុរស ៨ និងស្រ្តី ១​ , អាគារចំអិនអាហារនិងអាហារដ្ឋាន​សម្រាប់​​បុរស ២ និងស្រ្តី២ , អាគារ​ព្យា​បាលសម្រាប់​បុរស​៣ និងស្រ្តី១ , អាគារបន្សាបគ្រឿង​ញៀនសម្រាប់បុរស១​ និង​ស្រ្តី១ , អាគារ​​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​បុរស ៤ និងស្រ្តី ១ ,​ អាគា​រស្នាក់នៅសម្រាប់​សន្តិសុខ ១ , ស្រះ​ទឹកចិញ្ចឹមត្រី១, កសិដ្ឋានចិញ្ចឹម មាន់ ទា ជ្រូក ១ , អាគារចំរោះទឹក ១, កសិដ្ឋាន​ដាំបន្លែ ១ , កន្លែង​ហាត់ប្រាណ ១, ទីធ្លាកីឡា​១​ ​, របង​ព័ទ្ធ​ជុំវិញ​ខាងក្រៅនិង​ខាង​ក្នុងកំពស់ ៣,៥០ ម៉ែត្រ គុណ ២៩៩៤ ម៉ែត្រ , ប៉ុស្តិយាម ៦, ចំណតឡាននិងម៉ូតូ និងហេដ្ឋារ​ចនា​សម្ព័ន្ធ​ផ្លូវបេតុង ផ្លូវគ្រួស​ក្រហម បណ្តាញ​អគ្គីសនី បណ្តាញខ្សែរកាប ប្រពន្ធលូ ដែលគ្រោង​ចំណាយ​ថវិកា​សរុប​ប្រហែលជាង ៦ លាន​ដុល្លាអាមេរិក ។ ការ​សាង​សង់នេះ នឹងធ្វើឡើង​តាមដំណាក់កាល និង​តម្រូវការ​ចាំ​បាច់​និង​ស្របតាម​លទ្ធភាព​ថវិកា​ដែលមាន ។ ចំពោះ​សមិទ្ធផលការងារដែល​យើង​សម្រេច​បាន​​កន្លង​មករួមមាន ការ​ឈូស​ឆាយសំអាតដីព្រៃ ១៣ ហិកតា ។​​​ ការសាង​សង់ផ្លូវគ្រួស​ក្រម​ហម​ប្រវែង ៣៥០ម៉ែត្រ គុណ ៧ ម៉ែត្រ ចិញ្ចើមផ្លូវ ៣,៥ ម៉ែត្រសងខាង ។ ការសាងសង់ លូមូល​ភ្លោះ​​កាត់​ទទឹងផ្លូវ​មាន​មុខកាត់ ១ ម៉ែត្រ គុណ ២០ ម៉ែត្រ ។​​ ការ​សាងសង់ផ្លូវមេក្រាល​គ្រួស​​ក្រហមប្រវែង ៣១៥ ម៉ែត្រ ទទឹង ៩​ ម៉ែត្រ ចញ្ចើមផ្លូវ ៣,៥ ម៉ែត្រ សងខាង ​និង​ ការ​ឈូស​ពង្រាបនិងកិនបង្ហាប់ដី ដែលចំណាយថវិកាសរុប ៧៣,៨៦០ ដុល្លា (ប្រាំពីរម៉ឺន​បី​ពាន់​​​ប្រាំបី​រយ​ហុក​សិប​ដុល្លា​អាមេរិក ហើយការ​បើក​ការដ្ឋាន​នាពេលនេះ គឺ​ធ្វើការ​សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយ​ចំនួន​រួមមាន ថ្លោង​ទ្វារ​និង​របងព័ន្ធជុំវិញ អាគារ​រដ្ឋបាល​ បន្ទប់​អគ្គីសនី អាគារស្នាក់នៅសម្រាប់​សន្តិសុខ សរុប​ថវិកា​សម្រាប់ការ​សាង​សង់ដំណាក់​កាល​ទី១​នេះ​ សរុបថវិកាប្រហែល ១ លានដុល្លា ។ ការសាងសង់នេះ ​គ្រោង​នឹងបញ្ចប់​ការ​សាងសង់​នៅ​ខែ​សីហា ឆ្នាំ២០១៨ ។ ​ ចំពោះ​ថវិកា​ដែល​បាន​​ចំណាយ​និង​គ្រោង​ចំណាយ​សម្រាប់ការ​សាងសង់កន្លងមកនិង​នៅពេលនេះ បានមក​ពី​ការ​​គៀង​គ​រ​ថវិកា​​​​ពី​សប្បុរសជន និង វិស័យ​ឯកជន ដោយ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៧​កន្លងមក និង​ដែល​មានអ្នកឧញ៉ា គិត ម៉េង ជាប្រធាន​​សមាគម​ន៍​មូលនិធិសង្រ្គោះនិងស្តារនីតិ​សម្បទាអ្នក​ញៀនគ្រឿងញៀន ​​និងមួយផ្នែកទៀតបានមកពីមូលនិធិ​ជាតិ​​សម្រាប់ការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​​បាន​មក​ពីការលក់ឡៃឡុងទ្រព្យសម្បត្តិដែល​ពាក់​ព័ន្ធនឹង​បទល្មើស​គ្រឿងញៀន។​ ដោយឡែក សម្រាប់​​​ជំហានបន្ទាប់ យើងគ្រោងនឹង​កសាង​នូវ​អាគារ​ស្នាក់​នៅសម្រាប់បុគ្គលិក​បុរស ១ និងស្រ្តី ១ , អាគារពេទ្យទូទៅ ១ , អាគារ​ស្នាក់នៅសិក្ខាកាម​សម្រាប់បុរស ៣ និង ស្រ្តី១, អាគារ​ព្យាបាលសម្រាប់បុរស ២ និងស្រ្តី១ , អាគារបន្សាប​សម្រាប់​បុរស ១ និងស្រ្តី១ , អាគារ​បណ្តុះបណ្តាលវិជ្ជាជីវៈបុរស ១ និងស្រ្តី១, និងការបំពា​ក់សម្ភារបរិក្ខានានា ដែលការចំណាយ​ក្នុងកា​រសាងសង់នេះទទួល​ថវិកាពីមូលនិធិជាតិ​សម្រាប់​​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មូល​និធិនៃសមាគមន៍សង្រ្គោះនិ​ងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន មូលនិធិសម្រាប់​ការប្រ​យុទ្ធប្រឆាំងគ្រឿងញៀន ជំនួយ​ពី​រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម រដ្ឋា​ភិបាល​នៃព្រះរាជាណាចក្រថៃ និង រដ្ឋាភិបាលនៃប្រទេស​ជាមិត្ត​ផ្សេង​ទៀត ។ ប្រសិន​បើ​យើង​អាច​សម្រេច​​បាននូវការសាងសង់នូ​វដំណាក់កាល​ទី១នេះ យើង​រំពឹងថា នឹងអាចទទួល​អ្នកជម្ងឺ​បានចំនួន ១០០០ នាក់។​ ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យ​គណៈកម្មការ​កសាង​មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល​ដោយ​ស្ម័គ្រចិត្ត និង​​ផ្អែក​លើសហគមន៍​ដល់អ្នកញៀន​គ្រឿង​ញៀន ខ្ញុំសូមគោរពថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ព្រមទាំង​សប្បុរសជន និងវិស័យឯកជននានា។

ក្នុងឱកាសជួបជុំអធិកអធមនោះឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងក្នុងនាមថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ សូមសំដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រហូតធ្វើឱ្យគោលបំណងនៃការសាងសង់មជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ ដំណើរទៅបានដូចការគ្រោងទុកជាមួយនេះដែរ ឯកឧត្តម​ក៏សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវការគាំទ្រនិងខិតខំប្រឹងប្រែងចលនា និងកៀគរឱ្យមានការចូលរួម និងគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ក្នុងដំណើរការកសាងមជ្ឈ មណ្ឌលនេះ ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីមិត្តវៀតណាមតាមរយៈឯកឧត្តម ង្វៀន ជុង ដាម អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច និងជាប្រធានប្រតិភូវៀតណាម ដែលមានវត្តមាននៅទីនេះ ខ្ញុំក្នុងនាមថ្នាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក៏សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងបានផ្តល់នូវការគាំទ្រជាបន្តបន្ទាប់ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ជាក់ស្តែងការជួយគាំទ្រដល់ការសាងសង់មជ្ឈមណ្ឌលនាពេលនេះ គឺជាការឆ្លើយតបដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាអ្នកញៀនគ្រឿងញៀន ដែលបាននិងកំពុងក្លាយជាក្តីកង្វល់មួយរបស់គ្រួសារ សហគមន៍ និងសង្គមជាតិកម្ពុជាទាំងមូល​ និងបានអំពាវនាវដល់គ្រួសារ​ ទាំងអស់សូមសហការជាមួយសមត្ថកិច្ចបញ្ជូនកូនចៅទៅទទួលសេវាព្យាបាល​ និងបានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល​ សប្បុរសជន​ អាជ្ញាធរជាតិ​ ខេត្ត​ និងវិស័យឯកជន​សូមបន្តការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យដើម្បីអនាគតកូនចៅយើង​ ។ វប្បធម៌ចែករំលែក​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំនៅ​អំណោយមាន​ :

១.ឧបត្ថម្ភកម្មវិធីចំនួន​ ២.០០០.០០០រៀល

២.រដ្ឋបាលស្រុកព្រៃនប់​ ៥០០.០០០រៀល

៣.រដ្ឋបាលស្រុកស្ទឹងហាវ​ ៥០០.០០០រៀល

៤.រដ្ឋបាលស្រុកកំពង់សិលា​ ៥០០.០០០រៀល

៥.សហភាពសហព័ន្ធយុវជនកម្ពុជា​ ៥០០.០០០រៀល

៦.សិស្សានុសិស្ស​ ១០០នាក់​ ម្នាក់ៗសៀវភៅ២ក្បាល​ ប៊ិច១ដើម​ ថវិកា​ ១ម៉ឺនរៀល

៧.នគរបាលការពារ​ ៥០០.០០០រៀល

៨.កងរាជអាវុធហត្ថ​ ៥០០.០០០រៀល

៩.លោកគ្រូ​ អ្នកគ្រូ​ ៣០​នាក់​ ម្នាក់ៗ២០.០០០រៀល​ និងសារ៉ុង​ ១

១០.ប្រជាពលរដ្ឋ​ ម្នាក់​ៗ​ ១០.០០០រៀល

១១.ពេទ្យ​ ៥០០.០០០រៀល

១២.កម្មករដូងប្រេង​ ម្នាក់ៗ​ ១០.០០០រៀល

ចំនួនអ្នកទស្សនា

640059
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
354
657
1591
633111
19097
21798