កិច្ចសហការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវបានពង្រឹងដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែ គី រដ្ឋលេខាធិការ តំណាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។   សិក្ខាសាលានេះ មានសមាសភាពចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ មន្ត្រីអនុវត្តច្បាប់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានតម្រូវការស្នើសុំនាំចូលចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំ សរុបចំនួន ១៨០រូប។    សិក្ខាសាលាខាងលើនេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ សភាពការណ៍ និន្នាការ ចំណុចខ្វះខាត ចំណុចប្រឈមនានា ពិសេស កិច្ចសហការអនុវត្តតួនាទីភារកិច្ចដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ(SOP)ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ សំដៅលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។