នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី៦ ខែឧសភា​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី១១​ ភូមិ​៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ កាន់​ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ អធិការដ្ឋាននគរបាលក្រុង​ បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់។ វត្ថុតាំងចាប់យក​ ក្រាមពណ៍ស សង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់​ បារីអេឡិចត្រូនិច (VAPE) ចំនួន ០៣​ អត្តសញ្ញាណបណ្ណ័ចំនួន ០១សន្លឹក​ ប្រាក់ចំនួន ៩៥០០០រៀល​ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន​ ម៉ូតូចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕