ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តផែនការសកម្មភាពតំបន់ត្រីកោណមាស ឆ្នាំ២០២៦-២០២៧

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានអញ្ជើញដឹកនាំប្រតិភូព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Webex ស្តីពីការពិនិត្យ និងអនុម័តលើ ផែនការសកម្មភាពតំបន់ត្រីកោណមាស (Golden Triangle Action Plan) ឆ្នាំ២០២៦-២០២៧ ក្រោមក្របខ័ណ្ឌ Safe Mekong Operation Plan on Drug Control among Six Countries (2023-2027)។កិច្ចប្រជុំនេះមានការចូលរួមពីប្រទេសមាជិកហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងតំបន់មេគង្គ (Mekong MOU)។ ដើម្បីពិភាក្សា ពិនិត្យ និងផ្តល់ធាតុចូលលើផែនការសកម្មភាពរួម សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែននៅក្នុងអនុតំបន់ទន្លេមេគង្គ។ក្នុងកិច្ចប្រជុំ ប្រទេសសមាជិកបានផ្តោតការពិភាក្សាលើវិធានការសំខាន់ៗ រួមមាន ការបង្ក្រាបប្រភពផលិតគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងសារធាតុគីមីផ្សំ និងសារធាតុគីមីមុនផលិត ការទប់ស្កាត់ការជួញដូរគ្រឿងញៀនតាមច្រកព្រំដែន និងផ្លូវដឹកជញ្ជូនសំខាន់ៗ ការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ការពង្រឹងប្រព័ន្ធចែករំលែកព័ត៌មានស៊ើបការណ៍ និងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៃបណ្តាប្រទេសសមាជិក។ក្នុងនាមប្រតិភូព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងផែនការសកម្មភាពខាងលើ និងបានផ្តល់ធាតុចូលមួយចំនួន ដើម្បីធានាឱ្យផែនការនេះមានប្រសិទ្ធភាព តុល្យភាព និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ ព្រមទាំងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែនពាក់ព័ន្ធ សំដៅរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់ទន្លេមេគង្គ។