ពិធីបិទវគ្គបណ្តុះបណ្តាលស្តីអំពីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកុំព្យូទ័រ (CBT) ដល់មន្ត្រីតាមបណ្តានាយកដ្ឋាន និងមន្ទីរពិសោធន៍ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៣កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ តាមប្រព័ន្ធកុំព្យូទ័រ (CBT) ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន ជាគ្រូបង្គោល និងជាអ្នកសម្របសម្រួលវគ្គ មន្ត្រីជំនាញតាមបណ្តានាយកដ្ឋាន និងមន្ទីរពិសោធន៍គ្រឿងញៀន ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើ ស្ថានភាពទូទៅនៃនិន្នាការគ្រឿងញៀនសកល និងនៅកម្ពុជា ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន វិធីសាស្ត្រស៊ើបអង្កេត ការស្រាវជ្រាវ ការសួរចម្លើយ សេចក្តីផ្តើមនៃព័ត៌មានសំងាត់ សារធាតុគីមីផ្សំ និងការស្វែងយល់អំពីមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ល។ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គលេខាធិការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃ អ.ជ.ប.គ.ញ. ដល់សិក្ខាកាមទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាល ឱ្យខិតខំស្រាវជ្រាវបន្ថែម ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ព្រមទាំងធ្វើការចែករំលែកបន្តនូវចំណេះដឹង និងជំនាញដែលទទួលបានទៅដល់មិត្តរួមអាជីពនៅអង្គភាព ដើម្បីបន្តបេសកកម្មចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។កម្មវិធីបិទវគ្គក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាពេញលេញផងដែរ។






















