មន្ត្រីជំនាញ ២រូប នៃមន្ទីរពិសោធន៍គ្រឿងញៀន ទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្រ្ដវិភាគគ្រឿងញៀនតាមលំដាប់លំដោយនៃក្បួនបច្ចេកទេសកោសល្យវិច័យ

(ខេត្តជឺជាំង ប្រទេសចិន)៖ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតបតាមការអញ្ជើញពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានចាត់បញ្ជូនមន្ត្រីជំនាញ ២រូប នៃមន្ទីរពិសោធន៍គ្រឿងញៀន ទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «វិធីសាស្រ្ដវិភាគគ្រឿងញៀនតាមលំដាប់លំដោយនៃក្បួនបច្ចេកទេសកោសល្យវិច័យ»។ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោកស្រី LU XUENA ប្រធានការិយាល័យផ្លាស់ប្តូរបច្ចេកទេស និងបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានសម្ងាត់ប្រឆាំងគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈចិន, លោក LIU JIWU លេខាធិការសាខាបក្សទូទៅនៃមជ្ឈមណ្ឌលប្រចាំតំបន់ជឺជាំង នៃមន្ទីរពិសោធន៍គ្រឿងញៀនជាតិ, លោក ZHANG HONGJIAN ប្រធានមជ្ឈមណ្ឌលប្រចាំតំបន់ជឺជាំង នៃមន្ទីរពិសោធន៍គ្រឿងញៀនជាតិ។វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលប្រចាំតំបន់នៃមន្ទីរពិសោធន៍គ្រឿងញៀនជាតិ នាទីក្រុងហានចូវ ខេត្តជឺជាំង ប្រទេសចិន។