កិច្ចប្រជុំលើកទី៣៩ របស់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន ក្រុមការងារផ្នែកអនុវត្តច្បាប់ (39th ASOD WG on LE)
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ទោ ប៉ា សុភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ តំណាងឱ្យឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋាន បានដឹកនាំប្រតិភូកម្ពុជាចំនួន ៤រូប មកពីនាយកដ្ឋានអនុវត្តច្បាប់ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) ចូលរួមកិច្ចប្រជុំលើកទី៣៩ របស់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន ក្រុមការងារផ្នែកអនុវត្តច្បាប់ (39th ASEAN Senior Officials on Drug Matters Working Group on Law Enforcement: 39th ASOD WG on LE) តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយនាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (Counter Narcotics Police Department, Ministry of Public Security of the Socialist Republic of Vietnam: CNPD/MPS)។កិច្ចប្រជុំខាងលើមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រឡេស្ត និងវៀតណាម។ ក្រៅពីនេះ ក៏មានការចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពក្រុមការងារផ្នែកអនុវត្តច្បាប់ ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍រវាងរដ្ឋសមាជិកអាស៊ាន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងរួមចំណែកអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។







