ពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកំព្យូទ័រ CBT ដល់មន្ត្រីតាមបណ្តានាយកដ្ឋាននិងមន្ទីរពិសោធន៍ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង លោក ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋាន អនុវត្តច្បាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាល ជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកំព្យូទ័រ CBT ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែ ឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ ដល់មន្ត្រីអនុវត្តច្បាប់ និងយល់ដឹងពីសភាពការការទូទៅនៃគ្រឿងញៀន ព្រមទាំងពីកលល្បិចថ្មីៗរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផងដែរ ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ត្រងត្រាប់ កត់ត្រា និងសួរសំណួរជាប្រយោជន៍ ដើម្បីទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារ និងជាមូលដ្ឋានក្នុងការចែករំលែកបន្តដល់មន្ត្រីនៅតាមអង្គភាពដែលខ្លួនកំពុងបំពេញការងារ។
















