លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង ដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ. ចូលរួមកិច្ចប្រជុំការងារត្រៀមលក្ខណៈសម្បត្តិរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង បានអញ្ជើញដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ. ចូលរួមកិច្ចប្រជុំការងារត្រៀមលក្ខណៈសម្បត្តិរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ជាមួយរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលនិងជាសហប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ លោក លោកស្រី អនុប្រធាន នាយកដ្ឋាន/មន្ទីរ លោក លោកស្រីតំណាងមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញរដ្ឋបាលខេត្តកណ្តាល តំណាងរដ្ឋបាលស្រុកពញាឮ សរុប៤៥រូប។ បន្តមក លោកជំទាវ អគ្គលេខាធិការរង រួមនឹងក្រុមការងារចម្រុះបានបន្តចុះពិនិត្យទីតាំងជាក់ស្តែងដែលត្រូវរៀបចំទិវា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ជាចុងក្រោយ លោកជំទាវ អគ្គលេខាធិការរង បានអញ្ជើញបន្តចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងប្រចាំការខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។សូមជម្រាបជូនថា ការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តកណ្តាលឆ្នាំ២០២៦ខាងមុខនេះ នឹងទទួលបានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន អ.ជ.ប.គ.ញ.។