គ្រឿងញៀនប្រមាណជាង ២០០គីឡូក្រាម ព្រមទាំងឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប : ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម កុយ សង ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ “ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ក្នុងកម្មវិធីនេះមានការដុតបំផ្លាញគ្រឿងញៀន ចំនួនជាង ២០០គីឡូក្រាម ព្រមទាំងឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក។ការប្រារព្ធពិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាឧទ្ធរណ៍ សាលាដំបូង អយ្យការសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ យុវជន យុវនារី និងសិស្សានុសិស្សខេត្តសៀមរាប សរុបជិត ៣០០នាក់។