ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឯកឧត្តម ហោ ជិន វិរ:យុទ្ធ អភិបាលរងនៃគណៈអភិបាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ខេត្តឧត្តរមានជ័យ ៖ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ហោ ជិន វិរ:យុទ្ធ អភិបាលរងនៃគណៈអភិបាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុប ប្រមាណ ៤០០នាក់។ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា នេះឡើងក្នុងគោលបំណងដើម្បីបំផុសស្មារតីពលរដ្ឋទាំងអស់លើសកលលោក ឱ្យចូលរួមសកម្មផុលផុសតាមគ្រប់រូបភាព មធ្យោបាយ វិធីសាស្ត្រ និងយុទ្ធនាការនានា សំដៅធ្វើយ៉ាងណារារាំង ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងរាល់ការប្រើប្រាស់ ការចែកចាយ ការចរាចរ និងរាល់ឧក្រិដ្ឋកម្មគ្រឿងញៀន ពិសេសលើកកម្ពស់ ការយល់ដឹងជាសកលអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ ដែលកើតចេញពីគ្រឿងញៀនចំពោះមនុស្ស គ្រួសារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។





















