មន្ត្រីអនុវត្តច្បាប់កម្ពុជាចំនួន ៣៥ រូបបានចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពីការបង្ការ និងបង្ក្រាបគ្រឿងញៀន នៅប្រទេសវៀតណាម
ហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៖ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង ព្រមទាំងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានដឹកនាំប្រតិភូសិក្ខាកាមកម្ពុជាសរុបចំនួន ៣៥រូប ដើម្បីចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ស្ដីពីការបង្ការ និងបង្ក្រាបគ្រឿងញៀនដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី ២៦-៣១ ខែកក្កដាឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ សមត្ថភាព ស៊ើបអង្កេតបទល្មើស និងការត្រួតពិនិត្យគ្រឿងញៀន ស្របតាមនិន្នាការគ្រឿងញៀននាពេលបច្ចុប្បន្ន ។ ក្នុងពិធីបើកវគ្គ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីលោក វរសេនីយ៍ឯក PHAN NGỌC CẦM (ផាន ង៉ុក កាំ) តំណាងនាយកដ្ឋាន នគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនក្រសួងនគរបាលសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ។








