គ្រឿងញៀនខុសច្បាប់ដែលរឹបអូសបានក្នុងប្រតិបត្តិការបង្ក្រាបត្រូវបានដុតបំផ្លាញនៅខេត្តតាកែវ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ខេត្តតាកែវ ៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ីសំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ការប្រារព្ធពិធីនេះមាន ការអញ្ជើញចូលរួមអមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត អយ្យការអមសាលាដំបូងខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សខេត្តតាកែវ សរុបចំនួន ១០៤៣នាក់។ ក្នុងពិធីនេះផងដែរ គ្រឿងញៀនដែលរឹបអូសបានក្នុងប្រតិបត្តិការបង្ក្រាបត្រូវបានដុតបំផ្លាញ។











