ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.ប.គ.ញ. បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ និងការប្រកួតវោហាកោសល្យដល់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ខេត្តកំពង់ចាម ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការណែនាំពីការប្រើប្រាស់កម្មវិធីទូរសព្ទ (App) NoDrug ដល់សាស្ត្រាចារ្យ និងនិស្សិតសរុបជាង ២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ តំណាងលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំបង្ការការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពទាំងពីរ។ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានពាំនាំនូវប្រសាសន៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ ០១ បប ក៏ដូចជាផែនការយុទ្ធនាការ និងយុទ្ធសាស្ត្រពហុវិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការប្រកួតវោហាសាស្ត្រនេះ នឹងផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹងស៊ីជម្រៅជុំវិញបញ្ហាគ្រឿងញៀន ជាពិសេសការស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធី (App) NoDrug ដែលធានាសុវត្ថិភាពដល់អ្នករាយការណ៍ ១០០% ដោយរក្សាការសម្ងាត់អត្តសញ្ញាណទាំងស្រុង បញ្ចៀសបានការសងសឹក។ក្នុងនាមលោក គង់ ច័ន្ទវាសនា ក្នុងឱកាសនោះលោកស្រី ហ៊ូ សុពណ៌ បានថ្លែងអំណរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់រួមដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ជាតិ។លោកស្រីបានបន្ថែមថា ការងារផ្សព្វផ្សាយរួមទាំងការប្រកួតវោហាសាស្ត្រនេះ ពិតជាមានសារៈសំខាន់ទាក់ទាញបានចំណាប់អារម្មណ៍ពីនិស្សិតឱ្យខិតខំស្រាវជ្រាវ និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន អេដស៍ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសុខុមាលភាពទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សាក្រោមឱវាទរបស់ក្រសួងផងដែរ៕