អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” ។ការប្រារព្ធពិធីនេះមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាដំបូង អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល យុវជន យុវនារី និងសិស្សានុសិស្ស សរុបចំនួន ៥៩៩ នាក់។