ប្រតិភូជាមន្ត្រីអនុវត្តច្បាប់កម្ពុជា ចូលរួមកិច្ចប្រជុំសន្និបាត APICC លើកទី១២ តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ នាថ្ងៃថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានដឹកនាំប្រតិភូជាមន្ត្រីអនុវត្តច្បាប់កម្ពុជា ចូលរួមកិច្ចប្រជុំសន្និបាត មជ្ឈមណ្ឌលព័ត៌មាន និងសម្របសម្រួល តំបន់អាស៊ី-ប៉ាស៊ីហ្វិក Asia-Pacific Information and Coordination Center (APICC) លើកទី១២ តាមប្រព័ន្ធអនឡាញ (Zoom) ដែលរៀបចំដោយ APICC មានមូលដ្ឋាននៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអាជ្ញាធរអនុវត្តច្បាប់ និងដៃគូអន្តរជាតិជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មអន្តរជាតិពាក់ព័ន្ធ។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សំ សេដ្ឋា បានថ្លែងអំណរគុណដល់ APICC និងប្រទេសជាសមាជិកទាំងអស់ ដែលបានបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងរួមចំណែកថែរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម។បន្ទាប់មក សមាជិកប្រតិភូកម្ពុជាមកពីនាយកដ្ឋានអនុវត្តច្បាប់ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ករណីសំខាន់ៗ និងលទ្ធផលនៃកិច្ចប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ជូនអង្គប្រជុំផងដែរ។កិច្ចប្រជុំមហាសន្និបាត APICC លើកទី១២ នេះ បានបង្ហាញពីសារៈសំខាន់នៃការសហការជាអន្តរជាតិ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងបណ្តាប្រទេសពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងបញ្ហាបទល្មើសគ្រឿងញៀនឆ្លងដែន ដែលកំពុងបន្តវិវត្តយ៉ាងស្មុគស្មាញ។


















