រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត
ខេត្តកែប ៖ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ឃន តារាសម្បតិ្ត អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត"។ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នេះឡើងក្នុងគោលបំណងដើម្បីបំផុសស្មារតីពលរដ្ឋទាំងអស់លើសកលលោកឱ្យចូលរួមសកម្មផុលផុសតាមគ្រប់រូបភាព មធ្យោបាយ វិធីសាស្ត្រ និងយុទ្ធនាការនានា សំដៅធ្វើយ៉ាងណារារាំង ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងរាល់ការប្រើប្រាស់ ការចែកចាយ ការចរាចរ និងរាល់ឧក្រិដ្ឋកម្មគ្រឿងញៀន ពិសេស ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ដែលកើតចេញពីគ្រឿងញៀនចំពោះមនុស្ស គ្រួសារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ ក្នុងពិធីនេះផងដែរក៏មានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាដំបូង អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន លោកគ្រូ អ្នកគ្រូ យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្សនៃខេត្តកែបទាំងមូល សរុប ៣៦៩នាក់។






















