សិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតបទល្មើសគ្រឿងញៀនឆ្លងដែន

ទីក្រុងយ៉ាំងហ្គោន៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២០៥៧០ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់បញ្ជូនមន្ត្រីជំនាញ ចំនួន ៤រូប ក្នុងនោះមន្ត្រីចំនួន២រូប មកពីនាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងតំណាង២រូប មកពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតបទល្មើសគ្រឿងញៀនឆ្លងដែន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។សិក្ខាសាលានេះ រៀបចំដោយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ នៃប្រទេសចំនួន ៨ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី សរុបចំនួន៤៦រូប ។សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងការស៊ើបអង្កេតបទល្មើសគ្រឿងញៀនឆ្លងដែន ការផ្លាស់ប្តូរព័ត៌មាន ការកំណត់ចំណុចទំនាក់ទំនងថ្នាក់ជាតិ និងថ្នាក់តំបន់ ។ជាពិសេស បានសង្កត់ធ្ងន់លើ ការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា ការសម្របសម្រួល និងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសនិមួយៗ ក្នុងការស្នើសុំកិច្ចសហប្រតិបត្តិការស៊ើបអង្កេតបន្ត ដើម្បីឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀនឆ្លងដែន។