កិច្ចប្រជុំលើកទី ៣៣ នៃមន្ត្រីទំនាក់ទំនងប្រឆាំងគ្រឿងញៀនសម្រាប់កិច្ចសហការអន្តរជាតិ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ទីក្រុងសេអ៊ូល៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ​នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានចូលរួមពិធីបើកកិច្ចប្រជុំលើកទី៣៣ នៃមន្ត្រីទំនាក់ទំនងប្រឆាំងគ្រឿងញៀនសម្រាប់កិច្ចសហការអន្តរជាតិ (The 33rd Anti-Drug Liaison Officials' Meeting for International Cooperation - ADLOMICO)។កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងដោយស្ថាប័នអគ្គរដ្ឋអាជ្ញា នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលមានសមាជិកចូលរួមមកពីបណ្តាប្រទេសចំនួន២៩ និងសមាជិកចូលរួមប្រមាណ២២៥នាក់។