ការចុះសិក្សា អង្កេតស្វែងយល់ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការចុះសិក្សាអង្កេត ស្វែងយល់អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅសាលប្រជុំ នៃរដ្ឋបាលខេត្តព្រះសីហនុ ដោយសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ក្នុងគោលបំណងវិភាគលើរចនាសម្ព័ន្ធស្ថាប័ន តួនាទីភារកិច្ច និងយន្ដការសម្របសម្រួល ក្នុងការត្រួតពិនិត្យគ្រឿងញៀន។ ក្នុងដំណើរការបេសកកម្មនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ និងប្រតិភូអមដំណើរ បានអញ្ជើញ ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយអាជ្ញាធរពាក់ព័ន្ធ ផងដែរ។កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារ UNODC តំណាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុតំណាងវរសេនាតូចនគរបាលការពារព្រំដែន និងតំណាងមកពីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។