នគរបាលខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចដើមមៀន ក្រុងតាខ្មៅ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តកណ្តាល)៖ នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីជួញដូរ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក​ យី​ វណ្ណដា អធិការនគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់។ វត្ថុតាងចាប់យក ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៩កញ្ចប់(ដប់ប្រាំបួនកញ្ចប់) ទម្ងន់សរុប៣,១៩ក្រាម​ ទូរស័ព្ទដៃចំនួន០២គ្រឿង SAMSUNG ពណ៌ស្វាយចំនួន០១គ្រឿង និងម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿ​ង​ ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១​ ដែកកេះចំនួន០១ កញ្ចប់បារីម៉ាក MEVIUS ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕