នគរបាលខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្ថិតនៅចំណុចស្រុកគិរីវង់ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តតាកែវ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណី ”ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ស្ថិតនៅចំណុចជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញា បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមថ្លាពណ៌សចំនួន ៤កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ៣គ្រឿង, ទូរសព្ទដៃចំនួន ៣គ្រឿងម៉ាកវីវូពណ៌ទឹកសមុទ្រ ម៉ាកតិចណូពណ៍ខ្មៅនឹង Oppo ពណ៌ស, ម៉ូតូ ២គ្រឿងម៉ាកវេវពណ៌សនិងស៊ីរុសពណ៌ខ្មៅ (គ្មានស្លាកលេខ) និងថង់សម្រាប់វិចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធី៕