នគរបាលខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ស្ថិតនៅចំណុចក្រុងសៀមរាប បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តសៀមរាប)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ទោ ចាប ណារិន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការដ្ឋាននគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តានិតិសម្បទា អ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប៕




