កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចសង្កាត់៤ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី៣ ខែសីហា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី​ ឡុង​ គីមហួរ​ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យសរុប​ ២នាក់(ស្រី១នាក់)។វត្ថុតាងចាប់យក​ ក្រាមសថ្លា ៥កញ្ចប់ ទម្ងន់១៦.០១ក្រាម ទាំងសម្បក​ ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ ទម្ងន់០,៩៩ក្រាម ទាំងសម្បក​ ក្បាលបារីអេឡិចត្រូនិច ៣​ បារីអេឡិចត្រូនិច ៤​ ភ្លើងវិល ១​ ជញ្ជីង ១​ដបជក់ ១​ ដែកកេះ២​ សៀវភៅការងារជនបរទេស១​ លិខិតឆ្លងដែន ១ក្បាល​ ទូរសព្ទ ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕