នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចស្រុកព្រៃនប់ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរ និងចែកចាយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការដូង ក្នុងភូមិសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការដ្ឋាននគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ វត្ថុតាងចាប់យក សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕


