នគរបាលខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចក្រុងតាខ្មៅ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តកណ្តាល)៖ នៅថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ រក្សាទុក​ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​បន្ទប់ជួលភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក​ យី​ វណ្ណដា អធិការនគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់។ វត្ថុតាងចាប់យក ថ្នាំញៀន(ម៉ាទឹកកក)​ចំនួន០៧កញ្ចប់​ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស សេរីឆ្នាំ2019 ចំនួន០១គ្រឿង​ទូរស័ព្ទដៃម៉ាក TECHNO KM4 ពណ៌ប្រផេះ ចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត។