នគរបាលខេត្តបាត់​ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចក្រុង​បាត់ដំបង បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី២៣ ខែសីហា​​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ក្រុម​ទី១៤​ភូមិ​អូរ​តាគាំ​១​ សង្កាត់​ទួល​តាឯក​ ក្រុង​បាត់​ដំបង​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់​ដំបង​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​ប្រេី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។វត្ថុ​តាង​ចាប់​យក​ -​ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ម៉ាទឹកកក​ICE)​ ចំនួន​ ២ថង់​ ទម្ងន់​០,២៣ក្រាម​ (ថ្នាំ​សុទ្ធ​សើម)​ ,សម្ភារៈ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។ បច្ចុប្បន្នជនសង្ស័យខាងលើ​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕