នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចក្រុងព្រះសីហនុ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ​៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ កាន់​ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ អធិការដ្ឋាននគរបាលក្រុង​ បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់។  វត្ថុតាងចាប់យក​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៨កញ្ចប់​ ទូរស័ព្ទចំនួន ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕