នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចសង្កាត់១ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ២គ្រឿង ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន លុយចំនួន២២០.០០០ (ម្ភៃពីរម៉ឺនរៀល)។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

