នគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ស្ថិតនៅស្រុកកោះសូទិន បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងនគរបាលរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចតាមផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្ត និងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ឯក យុិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន បានចុះទៅដល់ចំណុចទីតាំងដែលបានរាយការណ៍តាមApp NoDrug ថាមានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ បានធ្វើទៅ តេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផល (វិជ្ជមាន)។វត្ថុ​តាង​ចាប់​យក​ - ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន, ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន ១គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕