ខេត្តបន្ទាយមានជ័យ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតនៅចំណុច ក្រុងប៉ោយប៉ែត
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។វត្ថុតាងចាប់យក - ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣កូនថង់តូច , ទូរស័ព្ទដៃចំនួន ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់៕

