រាជធានីភ្នំពេញ​ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុច ខណ្ឌមានជ័យ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន ២កញ្ចប់ថង់, ម៉ូតូម៉ាក Honda វេរ ពណ៌ខ្មៅចំនួន ១គ្រឿង, ទូរសព្ទដៃចំនួន ១គ្រឿង, ឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន(កែវកែច្នៃ) ចំនួន១។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕