ខេត្តបន្ទាយមានជ័យ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្ថិតនៅចំណុច ក្រុងសិរីសោភ័ណ្ឌ
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។វត្ថុតាងចាប់យក - ម្សៅក្រាម សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣កូនថង់ , ទូរស័ព្ទដៃចំនួន ១គ្រឿង , ដែកកេះចំនួន ២ដេីម , បំពង់ទែម៉ូម៉ែត្រចំនួន ១ដេីម , ដបទឹកសុទ្ធកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ២ដប , ថង់ច្រកថ្នាំញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់៕


