ខេត្តតាកែវ​​ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុច ស្រុកសំរោង

(ខេត្តតាកែវ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណី ”ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ស្ថិតនៅចំណុចក្នុងភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញា បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។វត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(អាយ)ចំនួន ១០កញ្ចប់ដែលមានទម្ងន់៥,៦១ក្រាម ថ្លឹងទាំងសំបកថង់, ទូរសព្ទដៃចំនួន ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធី៕