ខេត្តកំពត នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតនៅចំណុច ក្រុងបូកគោ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តកំពត)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ក៏បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការឱ្យសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត។ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនក្រុងបូកគោ បានចុះដល់ទីតាំង និងបើកប្រតិបត្តិការបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។វត្ថុតាងដកហូត៖ គ្មាន។បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់បន្ត៕



